(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធបានលើកឡើងថា រដ្ឋាភិបាលចិន បានជំនឿចិត្តយ៉ាងមុតមាំថា មីយ៉ាន់ម៉ានឹងនៅតែបន្ត ទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយនឹងចិន។
ការលើកឡើងនេះ លោក Wang Yi បានធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតសកល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបក្សសម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី Aung San Suu Ky នាំមុខគេនូវលទ្ធផលនៃការបោះឆ្នោត នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។ លោកស្រី Suu Kyi បានធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសចិន កាលពីខែមិថុនា ដោយអំឡុងពេលទស្សនៈកិច្ចនោះ លោកស្រីបានជួបជាមួយនឹងលោកប្រធានាធិបតី Xi Jinping។
លោក Wang Yi បានប្រាប់ទៅកាន់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក U Wunna Maung Lwin នៅក្នុងទីក្រុង Jinghong ខេត្ត Yunnan ប្រទេសចិនថា ចិនមានភាពរីករាយ ដែលឃើញការបោះឆ្នោតដ៏សំខាន់នៅមីយ៉ាន់ម៉ា បានដំណើរការយ៉ាងរលូន។
នៅអំឡុងពេលពិភាក្សាគ្នានេះ ភាគីចិនបានសន្យាថា នឹងបន្តផ្តល់នូវការគាំទ្រ និងជំនួយទៅកាន់មីយ៉ាន់ម៉ាបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ជាតិ មីយ៉ាន់ម៉ា។ លោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅក្នុងជំនួបនេះ ក៏បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការប្រកបដោយឆន្ទៈ របស់មីយ៉ាន់ម៉ាចំពោះចិន នឹងមិនផ្លាស់ប្តូរនោះទេ បើទោះប្រទេសប្តូរទៅកាន់ របបគោលនយោបាយ លទ្ធិប្រជាធិបតេយ្យក្តី៕