(ប៉េរ៉ូ)៖ កម្លាំងយោធា និងសកម្មប្រយុទ្ធយ៉ាងហោចណាស់១០០នាក់ ស្លាប់ក្នុងតំបន់ភាគខាងជើងប្រទេស ស៊ីរី ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ក្នុងហេតុការណ៍វាយប្រហារគ្នាយ៉ាងសាហាវ ខណៈដែលកងកម្លាំងគាំទ្ររដ្ឋាភិបាលវាយលុកដល់មូលដ្ឋានទ័ពអាកាស ដែលធ្លាក់ក្នុងការឡោមព័ទ្ធរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាមISISជាយូរណាស់មកហើយនោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ប្រភពពីអ្នកអង្កេតការណ៍ផ្នែកសិទ្ធមនុស្សប្រចាំប្រទេស ស៊ីរី ស្នាក់នៅចក្រភពអង់គ្លេសបានឲ្យដឹងថា អ្នកដែលស្លាប់ភាគច្រើនជាក្រុមឧទ្ទាមISIS ដោយឡែកមួយចំនួនទៀតជាកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងសម្ព័ន្ធមិត្ត។ សូមជម្រាបថា ការដណ្តើមបានតំបន់ទាំងនោះមកវិញ ជាជោគជ័យដ៏ធំមួយរបស់រដ្ឋាភិបាលស៊ីរី ចាប់តាំងពីប្រទេស រុស្ស៊ី ចូលធ្វើអន្តរាគមន៍ដោយប្រើយុទ្ធនាការវាយប្រហារតាមដែនអាកាសក្នុងប្រទេសដែលមានជម្លោះមួយនេះ៕