(សេអ៊ូល)៖ តុលាការកំពូលកូរ៉េខាងត្បូង បានសម្រេចកាត់ទោសលោក Lee Jun-seok វ័យ៧០ឆ្នាំ ជាអ្នកបើកនាវា Sewol ជាប់ពន្ធធនាគារអស់មួយជីវិត ដោយចោទពីបទឃាតកម្ម ក្នុងគ្រោះថ្នាក់លិចនាវា សម្លាប់អ្នកធ្វើដំណើរជាង៣០០នាក់ នេះបើតាមព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។
តាមការបញ្ជាក់របស់តុលាការកំពូលបានឲ្យដឹងថា អ្នកដំណើរនៅលើនាវាអាចនឹងគេចផុតពីសេចក្ដីស្លាប់ ប្រសិនបើអ្នកបើកនាវាប្រកាសអាសន្នឲ្យមានការភៀសខ្លួន ខណៈដែលនាវាហៀបនឹងលិច។
គួរបញ្ជាក់ផងដែរថា នាវា Sewol ផ្ទុកមនុស្ស ៤៧៦នាក់ បានលិចក្នុងដែនទឹកនៃកោះ Jindo ភាគខាងត្បូងឆៀងខាងលិចនៃប្រទេស កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ បណ្តាលឲ្យមនុស្ស ៣០៤នាក់ស្លាប់ ដោយភាគច្រើនបំផុតគឺជាសិស្សវិទ្យាល័យ៕