(បាងកក)៖ យោងតាមប្រភព ពីក្រសួងការពារជាតិចិន បានឲ្យដឹងថានៅថ្ងៃនេះថា កងទ័ពអាកាសថៃ នឹងធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ជាមួយកងទ័ពរបស់ចិន ដែលជាសញ្ញាមួយបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរឡើងវិញ ហើយនេះក៏ជាសមយុទ្ធដែនអាកាស រួមគ្នាដំបូងផងដែរ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា។
សមយុទ្ធយោធាផ្លូវអាកាស ដែលមានឈ្មោះថា «Falcon Strike 2015» នឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសថៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។ គោលបំណងនៃការធ្វើសមុទ្ធរួមគ្នានេះ គឺដើម្បីបង្កើនការសិក្សារៀនសូត្រពីគ្នាទៅវិញ ទៅមក រវាងកងកម្លាំងនៃ ប្រទេសទាំងពីរ និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងប៉េកាំង និងបាងកក រួមទាំងបង្កើនការទុកចិត្ត និងមិត្តភាពរវាងគ្នា និងគ្នា។
ចាប់តាំងពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃលោកស្រី យ៉ីងឡាក់ ប្រទេសថៃដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់សហរដ្ឋអាម៉េរិក បានព្យាយាម ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង ដោយ បានបង្កើនទំនាក់ទំនងជាមួយប្រទេសចិន ខណៈដែលក្រុងប៉េកាំង បានបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដែលមានយុន្នការផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម៕