(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ អនុរដ្ឋមន្ដ្រីការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានមកបំពេញទស្សនៈកិច្ចជាផ្លូវការ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ ដោយអមដំណើរដោយ នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

ក្នុងឱកាសទទួលដំណើរទស្សនៈកិច្ចដ៏កក់ក្ដៅរបស់ អនុរដ្ឋមន្ដ្រីការពារប្រទេសវៀតណាម ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូ មកកម្ពុជានាឱកាសនេះពិតជាមានតម្លៃក្នុងការរិតចំណងមិត្ដភាព ភាតរភាព និងកិច្ចសហប្រតិបត្ដិការរវាង ប្រទេសយើងទាំងពីរ បានកាន់តែរីកចម្រើន និង រឹងមាំ ជាលំដាប់ ដើម្បីបន្ដប្រពៃណី នៃទំនាក់ទំនងដ៏ល្អផូរផង់ ដែលបានបន្សល់ទុកដោយអតីតថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម (សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ប្រធាន ហូ ជីមិញ) តាំងពីដើម។

ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបន្ដថា «ខ្ញុំសូមតាងនាមឲ្យរាជរដ្ឋាភិបាល ប្រជាជន កងយោធពលខេមរភូមិន្ទ និងកងពលតូចលេខ៧០ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ ដល់កងទ័ពបដិវត្ដន៍កម្ពុជា ក្នុងការរំដោះមាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ពលពត (ថ្ងៃទី៧ មករា ១៩៧៩) ហើយជាបន្ដបន្ទាប់រដ្ឋាភិបាល និងប្រជាជនវៀតណាម បានបញ្ជូនអ្នកវិនិយោគ មកកម្ពុជាក្នុងការជួយចូលរួមចំណែក កសាងមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»។

ទន្ទឹមនឹងនោះ ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ ក៏បានលើកទ្បើងផងដែរថា «ខ្ញុំសង្កេតឃើញ រយៈពេល២០ឆ្នាំមកនេះ កងពលតូចលេខ៧០ មានការរីកចម្រើនខ្លាំង ហើយក្នុងនោះកងពលតូចមានតួនាទី ក្នុងការការពារ សុខសន្ដិភាព ជូនប្រជាពលរដ្ឋ ក្រុមសង្គ្រោះបន្ទាន់ និងបានជួយនូវផ្នែកផ្សេងៗជាច្រើនទៀត និងប្រកបដោយ ភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជាថែមទៀតផង»។

ឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ បានបន្ថែមទៀតថា ដូច្នេះ កងទ័ពទាំងពីរកម្ពុជា-វៀតណាម នឹងបន្ដពង្រឹងពង្រីក កិច្ចសហប្រតិបត្ដិការកាន់តែជិតស្និទ្ធបន្ថែមទៀត៕