(​ប៉េកាំង​)៖ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi នៅ​ថ្ងៃ​ពុធ​បាន​លើកឡើង​ថា រដ្ឋាភិបាល​ចិន បាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា មី​យ៉ាន់​ម៉ា​នឹង​នៅតែ​បន្ត ទំនាក់ទំនង​ការទូត​របស់​ខ្លួន ជាមួយនឹង​ចិន​។

​ការលើកឡើង​នេះ លោក Wang Yi បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការបោះឆ្នោត​សកល នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោកស្រី Aung San Suu Ky នាំមុខ​គេ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត នេះ​បើ​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​។ លោកស្រី Suu Kyi បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច ទៅកាន់​ប្រទេស​ចិន កាលពី​ខែ​មិថុនា ដោយ​អំឡុងពេល​ទស្សនៈកិច្ច​នោះ លោកស្រី​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី Xi Jinping​។

​លោក Wang Yi បាន​ប្រាប់​ទៅកាន់ រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោក U Wunna Maung Lwin នៅក្នុង​ទីក្រុង Jinghong ខេត្ត Yunnan ប្រទេស​ចិន​ថា ចិន​មាន​ភាព​រីករាយ ដែល​ឃើញ​ការបោះ​ឆ្នោត​ដ៏​សំខាន់​នៅ​មី​យ៉ាន់​ម៉ា បាន​ដំណើរការ​យ៉ាង​រលូន​។

​នៅ​អំឡុង​ពេល​ពិភាក្សា​គ្នា​នេះ ភាគី​ចិន​បាន​សន្យាថា នឹង​បន្ត​ផ្តល់​នូវ​ការគាំទ្រ និង​ជំនួយ​ទៅកាន់​មី​យ៉ាន់​ម៉ា​បន្ថែមទៀត ក្នុង​ការអភិវឌ្ឍន៍​ជាតិ មី​យ៉ាន់​ម៉ា​។ លោក​រដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា នៅក្នុង​ជំនួប​នេះ ក៏បាន​លើកឡើង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ឆន្ទៈ របស់​មី​យ៉ាន់​ម៉ា​ចំពោះ​ចិន នឹង​មិន​ផ្លាស់ប្តូរ​នោះទេ បើ​ទោះ​ប្រទេស​ប្តូរ​ទៅកាន់ របប​គោលនយោបាយ លទ្ធិប្រជាធិបតេយ្យ​ក្តី​៕