(​ប៉េ​រ៉ូ​)៖ កម្លាំងយោធា និង​សកម្មប្រយុទ្ធ​យ៉ាងហោចណាស់​១០០​នាក់ ស្លាប់​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស ស៊ី​រី ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង ក្នុង​ហេតុការណ៍​វាយប្រហារ​គ្នា​យ៉ាង​សាហាវ ខណៈ​ដែល​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​វាយលុក​ដល់​មូលដ្ឋាន​ទ័ពអាកាស ដែល​ធ្លាក់​ក្នុង​ការឡោមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ISIS​ជា​យូរណាស់​មកហើយ​នោះ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ប្រភព​ពី​អ្នក​អង្កេត​ការណ៍​ផ្នែក​សិទ្ធមនុស្ស​ប្រចាំ​ប្រទេស ស៊ី​រី ស្នាក់​នៅ​ចក្រភព​អង់គ្លេស​បានឲ្យដឹងថា អ្នក​ដែល​ស្លាប់​ភាគច្រើន​ជា​ក្រុម​ឧទ្ទាម​ISIS ដោយឡែក​មួយ​ចំនួន​ទៀត​ជា​កងកម្លាំង​រដ្ឋាភិបាល​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​។ សូមជម្រាបថា ការ​ដណ្តើម​បាន​តំបន់​ទាំងនោះ​មក​វិញ ជា​ជោគជ័យ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ស៊ី​រី ចាប់តាំងពី​ប្រទេស រុស្ស៊ី ចូល​ធ្វើ​អន្តរាគមន៍​ដោយ​ប្រើ​យុទ្ធនាការ​វាយប្រហារ​តាម​ដែនអាកាស​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​មួយ​នេះ​៕