(​សេ​អ៊ូ​ល​)៖ តុលាការ​កំពូល​កូរ៉េខាងត្បូង បានសម្រេច​កាត់ទោស​លោ​ក Lee Jun-seok វ័យ​៧០​ឆ្នាំ ជា​អ្នក​បើក​នាវា Sewol ជាប់ពន្ធ​ធនាគារ​អស់​មួយ​ជីវិត ដោយ​ចោទ​ពី​បទ​ឃាតកម្ម ក្នុង​គ្រោះថ្នាក់​លិច​នាវា សម្លាប់​អ្នក​ធ្វើ​ដំណើរ​ជាង​៣០០​នាក់ នេះ​បើ​តាម​ព័ត៌មាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ចិកា ឆ្នាំ​២០១៥​នេះ​។​

​តាម​ការបញ្ជាក់​របស់​តុលាការ​កំពូល​បានឲ្យដឹងថា អ្នកដំណើរ​នៅ​លើ​នាវា​អាច​នឹង​គេចផុត​ពី​សេចក្ដីស្លាប់ ប្រសិនបើ​អ្នក​បើក​នាវា​ប្រកាសអាសន្ន​ឲ្យមាន​កា​រ​ភៀសខ្លួន ខណៈ​ដែល​នាវា​ហៀបនឹង​លិច​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នាវា Sewol ផ្ទុក​មនុស្ស ៤៧៦​នាក់ បាន​លិច​ក្នុង​ដែនទឹក​នៃ​កោះ Jindo ភាគ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រទេស កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤ បណ្តាលឲ្យ​មនុស្ស ៣០៤​នាក់​ស្លាប់ ដោយ​ភាគច្រើនបំផុត​គឺ​ជា​សិស្ស​វិទ្យាល័យ​៕​