(អូយៃយ៉ូ)៖ យោងតាមការបញ្ជាក់ពីម្ចាស់យន្តហោះ ដែលធ្លាក់នៅក្នុងរដ្ឋអូយៃយ៉ូ បានឲ្យដឹងថា មនុស្សនៅលើយន្តហោះទាំង ៩នាក់ ត្រូវបានស្លាប់ នេះបើយោងតាម​ការចុះផ្សាយរបស់កាសែត Daily Mail ចេញផ្សាយនៅមុន​នេះបន្ដិច។

លោក Augusto Lewkowicz ជាម្ចាស់យន្តហោះ Hawker H25 បានឲ្យដឹងថា នៅ​លើយន្តហោះមានមនុស្ស ៩នាក់ ក្នុងនោះមានអ្នកបើកបរ​ម្នាក់ និង​ជំនួយការ​អ្នក​បើ​ក​បរម្នាក់។

សាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកបានបញ្ជាក់ឲ្យដឹងថា​ យន្តហោះបានធ្លាក់​សំដៅមកកាន់​ផ្ទះ​មួយខ្នង និងបានផ្ទុះឆេះភ្លាមៗតែម្ដង កាលពីពេលាម៉ោងប្រមាណ ៣រសៀល ម៉ោងក្នុងតំបន់។

ក្រោយពីកើតហេតុគេឃើញមានក្រុមពន្លត់អគ្គិភ័យ​ និងក្រុមជួយសង្គ្រោះ បានមកធ្វើអត្តរាគមន៍ ប៉ុន្តែមូលហេតុដែលនាំឲ្យធ្លាក់យន្តហោះនៅមិនទាន់ដឹង ហើយអត្ត​សញ្ញាណរបស់​ជនរងគ្រោះក៏នៅមិនទាន់ដឹងផង៕